កម្ពុជាទទួលបាននូវឧបករណ៍បរិក្ខារវេជ្ជសាស្ត្រសម្រាប់ការ គ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ចំនួន១២មុខបន្ថែមទៀតពីប្រទេសចិន

រាជធានីភ្នំពេញ ៖ កម្ពុជាទទួលបាននូវឧបករណ៍បរិក្ខារ វេជ្ជសាស្ត្រសម្រាប់ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ចំនួន១២មុខបន្ថែមទៀតពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិន ដើម្បីពង្រឹងសមត្ថភាពការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រឱ្យកាន់តែល្អប្រសើរឡើង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ឱ្យដឹងថា នៅថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០២១ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង លោក Nick Beresford ប្រធានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជា ជាតិប្រចាំប្រទេសកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងដកស្រង់មេរៀនបទពិសោធន៍ពីប្រទេសចិន ដើម្បីលើក កម្ពស់សមត្ថភាពឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្តីពីការគ្រប់ គ្រងសំណល់វេជ្ជសាស្ត្រ និងប្រគល់-ទទួលឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ តាមរយៈវីដេអូសន្និសីទ ដែលឧបករណ៍ទាំងនេះ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន តាមរយៈកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួង សុខាភិបាល បានគូសបញ្ជាក់ថា ក្នុងភាពជាដៃគូយុទ្ធសា ស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ជំនួយឥតសំណងជាច្រើន ត្រូវបានផ្ដល់ជូនក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកពង្រឹងនិង ពង្រីកវិស័យសុខាភិបាលកម្ពុជា រួមមាន ១.គម្រោងកែលម្អមន្ទីរពេទ្យមិត្តភាពកម្ពុជា- ចិន ព្រះកុសុមៈ រួមទាំង បំពាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រ ២. គម្រោងសាងសង់មន្ទីរ ពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ រួមទាំងបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រ ៣. ការផ្ដល់រថយន្តគ្លីនិកចល័ត រួមទាំងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ និងសម្ភារបរិក្ខារផ្សេងៗ ចំនួន៤០គ្រឿង ៤. ការផ្គត់ផ្គង់រថយន្តគិលានសង្គ្រោះ ចំនួន ២០០គ្រឿង ៥. ការផ្គត់ផ្គង់ម៉ាស៊ីនអេកូ សាស្ត្រ ចំនួន ២០០គ្រឿង ៦. គម្រោង “ដំណើរនៃក្តីស្រឡាញ់ពីបេះដូង” នៅកម្ពុជា ដោយបានបញ្ជូនកុមារមានជំងឺបេះដូងចំហពីកំណើត ចំនួន២៤នាក់ ទៅធ្វើការវះកាត់នៅប្រទេសចិន ដោយឥតគិតថ្លៃ និងបានទទួលជោគជ័យ ទាំង២៤ នាក់។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ ទាំងជំនួយបច្ចេកទេស ទាំងឧបករណ៍បរិក្ខារវេជ្ជសាស្ត្រនិងមន្ទីរពិសោធន៍ ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ សរុបជាទឹកប្រាក់ប្រមាណជាង ១០លានដុល្លារអាមេរិក ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩ នាខែមករា ឆ្នាំ ២០២០។ លើសពីនេះទៀត ក្រោមការសម្របសម្រួលរបស់ស្ថានទូតចិនប្រចាំកម្ពុជា ជំនួយវ៉ាក់សាំងស៊ីណូហ្វាម ចំនួន មួយលានប្រាំពីសែន ដូស ត្រូវបានប្រគល់ឱ្យកម្ពុជា ដែលជាលក្ខណៈពិសេសនៃចំណងមិត្តភាពដែកថែប កម្ពុជា-ចិន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយធានាឱ្យកម្ពុជាមានវ៉ាក់សាំងទាន់ពេលវេលាសម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសរំលេចថា ថ្ងៃនេះជាមោទន ភាពថ្មីមួយទៀត តាមរយៈកម្មវិធីអភិវឌ្ឍន៍អង្គការសហ ប្រជាជាតិប្រចាំប្រទេសកម្ពុជា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់នូវឧបករណ៍បរិក្ខារ វេជ្ជសាស្ត្រសម្រាប់ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ចំនួន១២មុខ ដើម្បីពង្រឹងសមត្ថភាពការ គ្រប់គ្រងសំណល់ វេជ្ជសាស្ត្រ ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេស ឯកឧត្តម វ៉ាង វិនធៀន តែងតែសម្របសម្រួលក្នុងការផ្ដល់ជំនួយជូនរាជរដ្ឋា ភិបាលកម្ពុជា ជាពិសេសវិស័យសុខាភិបាល និងសម្តែងនូវការកោតសរសើរចំពោះលោក Nick Beresford ប្រធានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជា ជាតិ ប្រចាំប្រទេសកម្ពុជា ដែលបានខិតខំជំរុញឱ្យលេចចេញជារូបរាងឡើង ហើយសង្ឃឹមថានឹងមាន គម្រោងថ្មីៗជាបន្តទៀត៕