ប្រជា​​ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួល​អំណោយកាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ចំនួន២០គ្រួសារ នៅក្នុង​ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានទទួល​អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដើម្បី​ជួយដោះស្រាយក្នុងជីវភាពគ្រួសារបានមួយរយៈ ដែលបាន និងកំពុងជួបការលំបាក ក្នុងវិបត្តិ​ជំងឺកូវីដ១៩រាតត្បាតនេះ។

អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី ជាប្រធានគណៈកម្មាធិការសាខាកាក​បាទក្រហមកម្ពុជាខេត្ត រួមនិងក្រុមការងារបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនគ្រួសាររងគ្រោះដោយ ខ្យល់កន្ត្រាក់ ២០គ្រួសារនេះ នៅឃុំបន្ទាយឆ្មារ និងឃុំគោករមៀត ស្រុកថ្មពួក កាលពីព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ដោយពាំនាំនូវការផ្តាំផ្ញើសាក សួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្តេចទាំងទ្វេតែង តែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខការលំបាករបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិន ប្រកាន់និន្នាការនយោបាយអ្វីឡើយ ហើយដែលមកដល់ពេលនេះមិនមានប្រជា ពលរដ្ឋណាម្នាក់​ស្លាប់ដោយសារ​តែការដាច់ស្បៀង​អាហារនោះទេ។

ឯកឧត្តម អ៊ុំ រាត្រី ​បន្តទៀតថា សព្វថ្ងៃនេះ ជំងឺកូវីដ-១៩ កំពុងរីករាល​ដាលនៅលើ សកលលោកដែលក្នុងនោះ ប្រទេសកម្ពុជាក៏កំពុងរងគ្រោះផងដែរ។ ដូច្នេះដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុខភាពតាម រយៈការធ្វើអនាម័យឱ្យបានស្អាត និងចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខា​ភិបាល​ ​នូវវិធានការ គឺ៣ការពារ និង ៣កុំ ឱ្យបានខ្ជាប់ខ្ជួន។

ជាមួយនោះ អភិបាលខេត្តបន្ទាយមានជ័យ ក៏បានក្រើនរម្លឹកប្រជាពលរដ្ឋឱ្យយកចិត្ត ទុក​ដាក់បង្កបង្កើនផលកសិកម្មក្នុងរដូវវស្សាឱ្យអស់លទ្ធភាព ដើម្បីបង្កើនចំណូលក្នុងជីវភាព គ្រួ​សារកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា អំណោយចែកជួនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នេះ​​ ក្នុងមួយគ្រួសារៗទទួលបាន ​អង្ករ ២៥គីឡូក្រាម, ត្រីខ១០កំប៉ុង, មី ០១កេសតូច, ទឹកស៊ីអ៊ីវ ៣ដប, មុង០១, ភួយ០១, សារុង០១, ក្រមា០១ និងអាវយឺត ០១ ក្នុងនោះគ្រួសារសព ដែលរងគ្រោះដោយសាររន្ទះបាញ់ទទួលបាន អង្ករ៥០គីឡូក្រាម, មី២កេស, ទឹកស៊ីអ៊ីវ ២យួរ, ត្រីខ២០កំប៉ុង និងថវិកា ២០ម៉ឺនរៀល៕