ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការីចុះជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនអតីតយុទ្ធជនខេត្តកំពង់ធំ ចំនួន ១៤០ គ្រួសារ ដែលកំពុងរស់នៅលើផ្ទះថ្មី អំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន

ខេត្តកំពង់ធំ  ៖ នាព្រឹកថ្ងៃអាទិត្យ ៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញចុះជួបសំណេះសំណាលស្វែងយល់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនចំនួន ១៤០គ្រួសារ ដែលកំពុងរស់នៅលើផ្ទះថ្មីអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

មានប្រសាសន៍ សំណេះសំណាល នាឱកាសនោះ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការ តំបន់ ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធាន សមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានលើកឡើងថា ខេត្តកំពង់ធំយើង ពិតជាមានមោទនភាពខ្លាំងណាស់ គឺជាប្រវត្តិសាស្រ្ត សម្រាប់ អតីតយុទ្ធជនកម្ពុជាយើង ដែលមានជីវភាព លំបាកខ្វះខាត គ្មានដី គ្មានផ្ទះកន្លងមក សុំ បងប្អូនសាច់ញាតិស្នាក់នៅ និងពុំមានលទ្ធភាព សាងសង់លំនៅដ្ឋានបានសមរម្យ ពេលនេះ បងប្អូន ទទួលបានសិទ្ធិ ក្នុងការចាប់ឆ្នោតយកដីសម្បទានសង្គមកិច្ច ដោយក្នុងមួយគ្រួសារ ទទួលបានផ្ទះមួយខ្នង មានទំហំ ៥x៧ម៉ែត្រ រួមទាំងដីសម្រាប់បង្កបង្កើនផល ចំនួនមួយហិចតាកន្លះ ដែលជាអំណោយ ដ៏ថ្លៃថ្លា របស់ សម្ដេចអគ្គ មហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានមានប្រសាសន៍ បន្តថា សម្ដេចតេជោហ៊ុនសែន ជានិច្ចជាកាល តែងតែ គិតគូរសព្វបែបយ៉ាង ដល់អតីតយុទ្ធជន និងប្រជាជនជាធំ ជាពិសេស នៅក្នុងដំណាក់កាល ដែលប្រទេសកម្ពុជា កំពុង ជួប នៅ ការឆ្លង រីករាលដាល នៃជំងឺកូវីដ19 សម្ដេច បានផ្ដល់វ៉ាក់សាំង ការពារ ចាក់ជូនអតីតយុទ្ធជនយើងដើម្បីជៀសផុតពីការឆ្លងនៃជំងឺកូវីដ១៩ ។

ទាំងនេះ គឺសបញ្ជាក់ឲ្យឃើញ ពីការ តបស្នងនូវគុណបំណាច់ ដ៏ធំធេង របស់បងប្អូនអតីតយុទ្ធជនយើង ដែលបានខិតខំ បូជាសាច់ស្រស់ឈាមស្រស់ ការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាយើងកន្លងមក ៕