ឯកឧត្តម ហង្ស ពុទ្ធា ៖ គ.ជ.ប នឹងប្រើប្រព័ន្ធបច្ចេកវិទ្យា បោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២១

ឯកឧត្តម ហង្ស ពុទ្ធា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអ្នកនាំពាក្សរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានពន្យល់ពាក់ព័ន្ធនឹងការប្រើប្រព័ន្ធបច្ចេកវិទ្យា (IT) បោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២១ ដោយឈរលើមូលហេតុចំនួន០៣ចំនុច។

ឯកឧត្តម អ្នកនាំពាក្យ បានគូសបញ្ជាក់ថា ៖ “ពិតមែនហើយថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំការបោះឆ្នោតសាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២១ ដើម្បីវាយតម្លៃអំពីប្រសិទ្ធភាពនៃការធ្វើទំនើបកម្មដំណើរការនៃការរៀបចំការបោះឆ្នោត ហើយដោយឈរលើមូលហេតុចំនួន០៣ចំនុច គឺ ទី១ សាកល្បងការប្រើប្រាស់ប៊ិចគំនូសគាំទ្រ ទី២ សាកល្បងដើម្បីឱ្យគណបក្សនយោបាយចុះឈ្មោះបញ្ជីបេក្ខជន និងបញ្ជីគណបក្ស និងទី៣ សាកល្បងការប្រមូល និងបញ្ជូនទិន្ន័យទាំងឡាយ ជាពិសេសគឺលទ្ធផលនៃការបោះឆ្នោតតាមប្រព័ន្ធបច្ចេកវិទ្យា”។

ឯកឧត្តម បានបញ្ជាក់ថា ការបោះឆ្នោតសាកល្បងឆ្នាំ២០២១ ដោយការប្រើប្រាស់បច្ចេកវិទ្យាអនឡាញនេះ នឹងមិនមែនយកទៅប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២២ អាណត្តិទី៥ ដែលបានកំណត់យកថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ នោះទេ ហេតុដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណជន កុំយល់ច្រឡំ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ គ.ជ.ប បានចេញសេចក្តីជូនដំណឹង ពីតារាង ឃុំ សង្កាត់ និងឈ្មោះទីតាំងការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២១ ដោយក្នុងមួយរាជធានី-ខេត្ត មានមួយការិយាល័យ និងមានពីរទីតាំងការិយាល័យបោះឆ្នោត៕