ប្រធាន គ.វ.ក១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ៖ បងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ឯកសារមួយចំនួន ក្រៅពីអត្តសញ្ញាណប័ណ្ណ សម្រាប់ចាក់វ៉ាក់សាំងបាន

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ព្រមទាំងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋ អាចប្រើប្រាស់ឯកសារមួយចំនួនទៀត ជំនួសឱ្យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ដែលបាននិងកំពុងប្រព្រឹត្តទៅក្នុងពេលនេះ។

ឯកសារបញ្ជាក់មួយចំនួន ដែលអាចជំនួសអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនោះ រួមមាន លិខិតឆ្លងដែនដែលនៅមានសុពលភាព សំបុត្រកំណើត ព្រះឆាយា សៀវភៅស្នាក់នៅ។ល។ ដើម្បីអាចចាក់វ៉ាក់សាំងបាន ប៉ុន្តែបងប្អូនប្រជាពលរដ្ឋ ឬព្រះសង្ឃ ត្រូវធ្វើការទំនាក់ទំនងទៅអាជ្ញាធរ ដើម្បីជួយសម្របសម្រួល និងបញ្ជាក់ ពាក់ព័ន្ធនឹងឯកសារទាំងអស់នេះ។

ការឆ្លើយតបរបស់ លោកជំទាវវេជ្ជបណ្ឌិត នៅពេលនេះ បន្ទាប់ពីមានសំណួរមួយចំនួន ពាក់ព័ន្ធនឹងការប្រើប្រាស់ឯកសារ សម្រាប់ទទួលបានការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩។

សូមរម្លឹកផងដែរថា គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ យុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសសម្រាប់ដូសទី០១ បានចំនួនសរុប ២ ៤៦៤ ៨៣៥ នាក់ និងបានចាក់ដូសទី០២ បានចំនួនសរុប ១ ៨៦៤ ១៩៩ នាក់ ស្មើនឹង២៤,៦៥ភាគរយ នៃប្រជាជនគោលដៅសរុប ១០លាននាក់៕ ដកស្រង់ចេញពី ក្រសួងព័ត៌មាន