ឯកឧត្តម គន់ គីមអំពាវនាវដល់អង្គការស្បៀងអាហារពិភពលោក និងរដ្ឋាភិបាលជប៉ុន បន្តជួយសាងសង់អគារទីទួលសុវត្ថិភាពនៅតាមបណ្តាខេត្តជាប់ដងទន្លេបន្ថែមទៀត

រាជធានីភ្នំពេញ ៖ ឯកឧត្តម គន់ គីម អំពាវនាវដល់អង្គការស្បៀងអាហារពិភពលោក និងរដ្ឋាភិបាលជប៉ុន បន្តជួយសាងសង់អគារទីទួលសុវត្ថិភាព នៅតាមបណ្តាខេត្តជាប់ដងទន្លេបន្ថែមទៀត ខណៈដែលប្រទេសកម្ពុជា ជាប្រទេសមួយដែលទទួលការជន់លិចដោយទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀងស្ទើរតែជារៀងរាល់ឆ្នាំ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តស្នើដល់អង្គការស្បៀងអាហារពិភពលោក និងរដ្ឋាភិបាលជប៉ុន បន្តជួយសាងសង់អគារទីទួលសុវត្ថិភាព នៅតាមបណ្តាខេត្តជាប់បឹងទន្លេសាប និងខេត្តតាមដងទន្លេមេគង្គ ដែលសុទ្ធជាតំបន់ងាយរងគ្រោះដោយទឹកជំនន់ដើម្បីសម្រួលដល់ការស្នាក់អាស្រ័យរបស់ប្រជាពលរដ្ឋពេលជម្លៀសពីទឹកជំនន់នាពេលខាងមុខ។ ឯកឧត្តមបានបញ្ជាក់ថា នៅពេលមានទឹកជំនន់ម្តងៗ ប្រជាពលរដ្ឋរាប់រយគ្រួសារត្រូវបានជម្លៀសទៅរកទីទួលសុវត្ថិភាព ប៉ុន្ដែបញ្ហាប្រឈមរបស់ពួកគេពេលជម្លៀសទៅទីទួលសុវត្ថិភាពនោះ គឺខ្វះទីជម្រក ខ្វះបង្គន់អនាម័យ និងខ្វះទឹកស្អាតប្រើប្រាស់ជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានបន្ថែមថា ការបង្កើតឡើងនូវអគារទីទួលសុវត្ថិភាពនេះ គឺជាការគិតគូរ និងឆ្លើយតបមួយជំហានទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋនៅពេលជួបទឹកជំនន់នោះ។

លោកស្រី ឃ្លែរ ខូណាន់ នាយិកាអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា បានទទួលស្គាល់ថា ការស្ថាបនាមជ្ឈមណ្ឌលទាំងនេះ គឺដើម្បីពង្រឹងការត្រៀម និងការឆ្លើយតបជាបន្ទាន់នៅក្នុងប្រទេស។ ឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណអង្គការ ស្បៀងអាហារពិភពលោក និង រដ្ឋាភិបាលជប៉ុន ដែលតែងតែជួយគាំទ្រដល់ការងារគ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះមហន្តរាយ ដូចជាការផ្តល់ថវិកាជួយសាងសង់អគារទីទួលសុវត្ថិភាពនេះជាដើម។

សូមបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការស្បៀងអាហារពិភពលោក ក្រោមការជួយឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលជប៉ុន នោះ អគារទីទួលសុវត្ថិភាពចំនួន៦ហើយ ត្រូវបានសាងសង់រួចរាល់ និងដាក់ឲ្យដំណើរការក្នុងខេត្ដកំពង់ធំ និងខេត្តពោធិ៍សាត់ ដោយចំណាយថវិកាជាង ១លានដុល្លារអាមេរិក៕