ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារចុះពិនិត្យ និងបញ្ជូនបុគ្គលិកបម្រើការងារនៅភោជនីយដ្ឋានឡូហ្សិក២ ចំនួន៧៥នាក់ ដើម្បីដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ស្ថិតក្នុងសាលាបឋមសិក្សាព្រែកតាពៅ

ខេត្តកណ្តាល៖ រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារចុះពិនិត្យ និងបញ្ជូនអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលជាបុគ្គលិកបម្រើការងារនៅភោជនីយដ្ឋានឡូហ្សិក២ ចំនួន៧៥នាក់ ដើម្បីដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ស្ថិតក្នុងសាលាបឋមសិក្សាព្រែកតាពៅ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ និងបានបញ្ជាឱ្យផ្អាកដំណើការអាជីវកម្មភោជនីយដ្ឋាននេះជាបណ្តោះអាសន្ន។

ក្នុងប្រតិបត្តិការនេះដែរ ឯកឧត្តម បានណែនាំដល់ បងប្អូន ក្មួយៗដែលត្រូវធ្វើចត្តាឡីស័កទាំងអស់នាពេលនេះ ត្រូវចូលរួមគោរព អនុវត្តឱ្យបានដាច់ខាតតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវចូលរួមផ្តល់សំណាក ដើម្បីធ្វើតេស្ត ឱ្យបានគ្រប់តាមលក្ខខណ្ឌរបស់ក្រុមគ្រូពេទ្យជំនាញ រីឯអាជ្ញាធរ មានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ ការពារ យាមកាម ដោយមិនត្រូវមានការធ្វេសប្រហែស បណ្តាល ឱ្យអ្នកធ្វើចត្តាឡីស័ក លួចរត់ចេញពីមណ្ឌលចត្តាឡីស័កបាន ជាដាច់ខាត។