ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការធ្វើផែនការត្រៀមបញ្ឈប់បន្ទោបង់ពាសវាលពាសកាល(ODF)ខេត្តកណ្ដាល”

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលរងខេត្តកណ្ដាល អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការធ្វើផែនការត្រៀមបញ្ឈប់បន្ទោបង់ពាសវាលពាសកាល(ODF)ខេត្តកណ្ដាល” នៃក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ “PWG” ដែលរៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរង ក្រុង-ស្រុកទាំង១១ និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម នុត ពុធដារ៉ា ស្នើឱ្យក្រុង-ស្រុកទាំងអស់ ត្រូវខិតខំជំរុញឱ្យប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល បញ្ឈប់ឱ្យបាននូវការបន្ទោរបង់ពាសវាលពិកាល។

ឯកឧត្តមអភិបាលរងខេត្តបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទបានដៅខេត្តចំនួន ០៥ មាន(ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តកែប) ដែលត្រូវជម្រុញទៅជាខេត្តបញ្ឈប់បន្ទោបង់ ពាសវាលពាសកាលទាំងស្រុង នៅឆ្នាំ២០២៣។ ប៉ុន្តែចំពោះខេត្តកណ្តាលយើងវិញ បើទោះបីក្រសួងអភិវឌ្ឍន៍ជនបទ មិនបានដាក់បញ្ចូលទៅក្នុងគោលដៅ ក្នុងការជម្រុញជាខេត្តបញ្ឈប់បន្ទោបង់ពាសវាលពាល(ODF) ក៏ពិតមែន ប៉ុន្តែតាមរយៈការពិនិត្យជាក់ស្តែងទៅលើ សេដ្ឋកិច្ច ស្ថានភាពភូមិសាស្រ្ត យើងត្រូវតែដាក់បញ្ចូលខេត្តកណ្តាលរបស់យើងទៅក្នុងគោលដៅដែលត្រូវ ជម្រុញជាខេត្ត ODF ដូចខេត្តទាំងប្រាំនោះដែរ។ ដើម្បីឱ្យខេត្តកណ្ដាលក្លាយជាខេត្តODF យើងត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា យើងត្រូវប្តេជ្ញាចិត្តទាំងអស់គ្នា ថាយើងពិតជាអាចធ្វើបាន ហើយធ្វើបានល្អផងដែរ។

លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានឱ្យដឹងដែរថា ខេត្តកណ្ដាលមានស្រុកចំនួនពីរដែលបាន ប្តេជ្ញាចិត្តជម្រុញជាស្រុក ODF នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១ នោះមាន(ស្រុកកណ្តាលស្ទឹង និងស្រុកអង្គស្នួល)។ តាមរយៈ បទពិសោធន៍នៅស្រុកទាំងពីរនេះ យើងអាចត្រៀមខ្លួន រៀបចំធ្វើផែនការបញ្ឈប់បន្ទោបង់ពាសវាលពាសកាលទូទាំង ខេត្តតែម្តង។ ហើយខេត្តកណ្តាលមាន ១២ឃុំ សង្កាត់ និង ៣៧៦ភូមិ ដែលចាត់ទុកថា បានបញ្ឈប់បន្ទោបង់ពាសវាលពាសកាល(ODF)។ ដកស្រង់ពីផេកផ្លូវការរបស់ រដ្ឋបាលខេត្តកណ្តាល សម្រួលការផ្សាយដោយ លោក គង់ សុខហេង