ឯកឧត្តម ហ៊ុន ម៉ាណែត ៖ ប្តេជ្ញាចិត្តរួមគ្នា ទាំងស្មារតី ឆន្ទៈ និងសម្ភារៈ ជាធ្លុងសាមគ្គីឯកភាពក្នុងបេសកម្មប្រយុទ្ធនឹងសត្រូវឥតស្រមោល

ឯកឧត្តម ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៅតាមបណ្តាខេត្តរាជធានី-ក្រុង និងកងកម្លាំងទាំងអស់កំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនប្រទេសជិតខាង នេះជាសមរភូមិប្រយុទ្ធនឹងសត្រូវឥតស្រមោលនៃជំងឺកូវីដ-១៩ ដូចនេះ សូមទាំងអស់គ្នាបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដោយអនុវត្តបំពេញតួនាទី ភារកិច្ចឱ្យកាន់តែល្អប្រសើរដោយគោរពនូវរាល់បទបញ្ជារបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលបានដាក់ជូនអោយអនុវត្តក្នុងស្មារតីទទួលខុសត្រូវប្រកបដោយភាពម៉ឹងម៉ាត់បំផុត ជាពិសេសការចូលរួមយ៉ាងសកម្មសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់អនុវត្តតាមក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងតាមដានត្រួតពិនិត្យនៅតាមមណ្ឌលធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងទឹកដីកម្ពុជា។

ទន្ទឹមនោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានធ្វើការអំពាវនាវបងប្អូនជនរួមជាតិទាំងអស់ ដែលជាគោលដៅអាទិភាពក្នុងការទទួលចាក់ថ្នាំបង្ការការពារជំងឺកូវីដ-១៩ សូមឱ្យមានស្មារតីនឹងនរ និងជឿទុកចិត្តលើការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ផ្ទាល់ ដោយកត្តានេះគឺជាកិច្ចការដ៏ធំនៅក្នុងកិច្ចការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕ដកស្រង់ពីផេកផ្លូវការរបស់ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល សម្រួលការផ្សាយដោយ លោក គង់ សុខហេង