ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល អញ្ជើញដឹកនាំប្រតិភូ ទស្សនៈកិច្ចសិក្សាស្វែងយល់ការដាំបន្លែ នៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល អញ្ជើញដឹកនាំប្រតិភូ ទស្សនៈកិច្ចសិក្សាស្វែងយល់ការដាំបន្លែ។

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់អាជ្ញាធរស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ ពិសេសមន្ទីរកសិកម្មខេត្តកណ្ដាល ត្រូវស្វែងរកទីផ្សារជូនបងប្អូនប្រជាកសិករនៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវចុះទៅបណ្ដុះបណ្ដាលដល់បងប្អូនប្រជាកសិករ នៅសហគមន៍ អំពីវិធីសាស្ត្របច្ចេកទេសក្នុងការដាំបន្លែ ការសម្លាប់សត្វល្អិតចង្រៃ និងការចិញ្ចឹមសត្វ។

ឯកឧត្តមបណ្ឌិតប្រធានក្រុមប្រឹក្សាខេត្តបន្តថា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ អាជ្ញាធរស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការ រៀបចំផែនការក្នុងការដាំដុះដំណាំ និងការចិញ្ចឹមសត្វ ស្វែងរកធាតុចូលរួមមានគ្រាប់ពូជ ថ្នាំសំលាប់សត្វល្អិត និងឧបករណ៍ផ្សេងៗ ជាងនេះទៅទៀតត្រូវសម្របសម្រួលស្វែងរកទីផ្សារជូនបងប្អូនប្រជាកសិករនៅក្នុងសហគមន៍ ដោយធ្វើការគៀងគរក្រុមហ៊ុននានា ដើម្បីទិញនូវកសិផលរបស់បងប្អូនប្រជាកសិករផលិតបាននៅក្នុងសហគមន៍។

លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្មខេត្តកណ្ដាល បានឱ្យដឹងថា និងទូទាំងស្រុកស្អាងមាន ផ្ទៃដីដាំបន្លែចំនួន៨១៦៩ហិតា មានសហគមន៍ចំនួន ១២សហគមន៍ ដែលក្នុងមួយថ្ងៃស្រុកស្អាងអាចផលិតបន្លែជាមធ្យមបានចំនួន ១១៥តោន។