លោកស្រី គង់ ចាន់បុស្សិបា ដឹកនាំប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ១គ្រួសារ នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យ លោកស្រី គង់ ចាន់បុស្សិបា លេខាធិការគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំប្រតិភូសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ ចំនួន១គ្រួសារ នៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មានមតិសំណេះសំណាលទៅកាន់គ្រួសាររងគ្រោះ លោកស្រី គង់ ចាន់បុស្សិបា ក្នុងនាម ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរ និងនឹករលឹកបំផុត ។

លោកស្រីបានបន្តថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តែងតែគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំដល់ មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយ មេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃ ហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឱ្យបានទាន់ពេលវេលា និងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ ។

ក្នុងឱកាសនោះដែរលោកស្រី សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះអគ្គីភ័យ ដែលបង្កឡើងដោយភ្លឺចង្ក្រាន ភ្លើងធូបទៀន ខ្សែភ្លើងចាស់ៗ ។ ជាងនេះទៅទៀតលោកស្រី សូមអោយគ្រួសាររងត្រូវកាត់ចិត្ត មិនត្រូវអស់សង្ឃឹមឡើយ ព្រោះរឿងទាំងអស់នេះបានកន្លងផុតហើយ ហើយអ្វីដែលយើងត្រូវបន្ត ត្រូវខិតខំរកស៊ីចិញ្ចឹមជីវិត កូនៗ និងក្រុមគ្រួសារ តាមសមត្ថភាពរបស់ខ្លួន។

អំណោយដែលសាខា បានផ្តល់ជូនគ្រួសាររងគ្រោះរួមមាន អង្ករ ៥០គីឡូក្រាម ,មី ១កេស ,ត្រីខ ១០កំប៉ុង ,ទឹកសុទ្ធ ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ប្រេងឆា ១ដប ,សម្ភារៈផ្ទះបាយ១កញ្ចប់ធំ ,តង់១ផ្ទាំង ,ម៉ាស់ ១០បន្ទះ ,អាល់កុល១ដប និងថវិកាចំនួន ៥០ម៉ឺនរៀល។