ដំណើរទស្សនៈកិច្ចសិក្សា របស់សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ, សហគមន៍កសិកម្មលើកកំពស់ស្រ្តី , សហគមន៍កសិករប្រើប្រាស់ទឹក ទៅកាន់ស្រុកស្ទោង ខេត្តកំពង់ធំ និងស្រុកសូទ្រនិគម ស្រុកអង្គធំ ខេត្តសៀមរាប

ខេត្តព្រះវិហារ ៖ នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមការងារបច្ចេកទេសកសិកម្ម (TA-AGRI) នៃកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មសម្រាប់ប្រទេសកម្ពុជា ដំណាក់កាលទី1(WAT4CAM) បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ រួមជាមួយក្រុមការងារ NIRAS និង CIRAD បានរៀបចំដំណើរទស្សនៈកិច្ចសិក្សា ជូនដល់ក្រុមប្រឹក្សាឃុំ ,លោកមេភូមិ ,កសិករធ្វើបង្ហាញនៅឃុំរីករាយ និងមានការចូលរួមពីតំណាងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ,តំណាងសហគមន៍កសិកម្មលើកកំពស់ស្រ្តី ,តំណាងសហគមន៍កសិករប្រើប្រាស់ទឹក ចំនួន២៨នាក់ ស្រ្តី១២នាក់ ទៅកាន់ស្រុកស្ទោង ខេត្តកំពង់ធំ និងស្រុកសូទ្រនិគម ស្រុកអង្គធំ ខេត្តសៀមរាប ក្នុងគោលបំណង៖

១/ ដើម្បីបង្កើនការយល់ដឹងបន្ថែមដល់កសិករអំពី

-ការដាំដុះ និងថែទាំដំណាំគម្របដី និងដំណាំស្មៅចំណីសត្វ

-បច្ចេកទេសកសិកម្មអេកូឡូស៊ី

-ការតំឡើងប្រព័ន្ធស្រោចស្រព ដែលមានការសន្សំសំចៃទឹក

-ឱកាសទីផ្សារសម្រាប់ផលិតផលកសិកម្ម

២/ ដើម្បីបង្កើនកិច្ចសហការរវាងកសិករ អាជ្ញាធរមូលដ្ឋាន ក្រុមកសិករ និងបុគ្គលិកគម្រោង ។