ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹងជញ្ជូន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំង លោក ព្រួញ រិទ្ធថា ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ នាថ្ងៃសុក្រ ១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹងជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែតាំងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន លោកប្រធានមន្ទី អង្គភាពជុំវិញ និងអស់លោក លោកស្រី ជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងអបអរសាទរលោក ព្រួញ រិទ្ធថា ដែលត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនផ្តល់សេចក្តីទុកចិត្ត និងតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ។ ឯកឧត្តម ងួន រតនៈ បានសម្តែងការកោតសរសើរចំពោះលោក ចាន់ សំបូរ អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច នៅក្នុងរយៈពេលនៃការដឹកនាំរបស់ខ្លួន ក្នុងនាមជាសេនាធិការរបស់ក្រសួង និងបានចូលរួមសហការអនុវត្តការងារនានាដែលរដ្ឋបាលខេត្តបានប្រគល់ជូន។

ឯកឧត្តម បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរ ដែលទើបតែងតាំងថ្មី ត្រូវសាមគ្គីភាពផ្ទៃក្នុង ដើម្បីប្រមូលផ្តុំកម្លាំងសរុប មធ្យាបាយសរុប ដើម្បីផ្តល់សេវាសាធារណៈជូមប្រជាពលរដ្ឋឱ្យតែកាន់តែល្អប្រសើរផងដែរ។

ឯកឧត្តម ស៊ុយ សាន បានថ្លែងថា ការផ្លាស់ប្តូរតួនាទីរបស់មន្ត្រីរាជការ និងកន្លែងធ្វើការរបស់មន្ត្រី គឺជាកិច្ចដំណើរការប្រព្រឹត្តទៅជាធម្មតាក្នុងជីវភាពការងាររបស់មន្ត្រីបម្រើការងាររដ្ឋ ហើយនេះជាការផ្តល់ឱកាសដល់មន្ត្រីក្នុងដកស្រង់នូវបទពិសោធន៍ថ្មីបន្ថែមទៀតផងដែរ ។

ឯកឧត្តម រដ្ឋលេខាធិការ បន្តទៀតថា ការផ្លាស់ប្តូរនេះមិនមែនថាប្រធានមន្ត្រីចាស់ លោកបានប្រព្រឹត្តអំពើខុសឆ្គង ឬខ្វះសមត្ថភាពក្នុងគ្រប់គ្រងនោះទេ ពោលគឺធ្វើឡើងក្នុងការបណ្តុះស្មារតីវប្បធម៌ចែករំលែកចំណេះដឹង និងសាបព្រោះនូវពហុជំនាញដល់មន្ត្រីក្នុងការកំណែទម្រង់ស៊ីជ្រៅរដ្ឋសាធារណៈតាមស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈដល់មន្ត្រីរាជការ៕