
ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល អញ្ជើញសំណេះសំណាល សួរសុខទុក្ខជាមួយកម្មករ កម្មការិនី និងពិនិត្យមើលនីតិវិធីនៃការបើកប្រាក់ជូនបងប្អូនកម្មករ-កម្មកានី រោងចក្រ
ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល អញ្ជើញសំណេះសំណាល សួរសុខទុក្ខជាមួយកម្មករ កម្មការិនី និងពិនិត្យមើលនីតិវិធីនៃការបើកប្រាក់ជូនបងប្អូនកម្មករ កម្មកានី រោងចក្រកាត់ឌីកនើធីនីតធើរ លីមីតធីត (DIGNITY KNITTER LIMITED) និងរោងចក្រចាក់សម្លៀកបំពាក់ អ៊ីខូបេស ហ្វេកធើរី(ECO BASE FACTORY)នៅសាលាខេត្តកណ្ដាល។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត បានណែនាំដល់ក្រុមការងារ ត្រូវរៀបចំនីតិវិធីឱ្យបានច្បាស់លាស់ ពិសេសត្រូវអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ដោយត្រូវមានក្រុមគ្រូពេទ្យ ធ្វើការពិនិត្យកំដៅ ពាក់ម៉ាស លាងដៃជាមួយអាកុល និងត្រូវរក្សាគម្លាតសុវត្ថិភាពផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលរងខេត្ត បានសំណូមពរដល់បងប្អូនកម្មករ ត្រូវពិនិត្យឱ្យបានច្បាស់លាស់ នូវចំនួនថវិកាមុនចាកចេញទៅ ដើម្បីជៀសវាងនូវការខ្វះខាតដោយប្រកាណាមួយ។
សូមបញ្ជាក់ផងដែរថា រោងចក្រកាត់ឌីកនើធីនីតធើរ លីមីតធីត (DIGNITY KNITTER LIMITED) និងរោងចក្រចាក់សម្លៀកបំពាក់ អ៊ីខូបេស ហ្វេកធើរី(ECO BASE FACTORY) ត្រូវបានថៅកែរោងចក្រ រត់ចោលកាលពីចុងឆ្នាំ២០១៩ ដែលមានកម្មករសរុបជាង ១ពាន់នាក់។ ហើយកម្មករដែលត្រូវទទួលបានអត្ថប្រយោជន៍រួមមាន៖ ប្រាក់ខែចុងក្រោយ ប្រាក់អតីតភាពការងារ ប្រាក់បំណាច់ឆ្នាំដែលនៅសល់ និងប្រាក់ដែលក្រុមហ៊ុននៅមានជំពាក់។